Top News

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាតនៅក្រុងច្បារមន

 កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភជូនលោកតា **ហាច ហាន** អាយុ៦៨ឆ្នាំ ដែលមានជីវភាពខ្វះខាត និងកំពុងរស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សកម្មភាពនេះមានការចូលរួមពីក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំយកអំណោយជូនលោកតា ហាច ហាន រួមមាន៖ ថវិកាចំនួន ២០០,០០០រៀល, អង្ករ ២បាវ, ទឹកសុទ្ធ ២កេស, ភេសជ្ជៈ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២យួរ និងទឹកប្រទាលកន្ទុយក្រពើ ១យួរ។ ជាមួយគ្នានេះ លោកមេបញ្ជាការក៏បានឧបត្ថម្ភថវិកាចំនួន ៥០,០០០រៀល ជូនប្រជាការពារភូមិផងដែរ។
ការចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីមនុស្សធម៌ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសអ្នកដែលកំពុងជួបការលំបាក និងត្រូវការជំនួយក្នុងជីវភាពប្រចាំថ្ងៃ។
ដោយក្តីរំភើប និងសោមនស្សរីករាយ លោកតា ហាច ហាន បានថ្លែងអំណរគុណ និងគោរពជូនពរដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមការងារ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបានពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួររំលឹកថា កន្លងមក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន តែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដោយបរិច្ចាគថវិកាផ្ទាល់ខ្លួន និងនាំយកស្បៀងអាហារ សម្លៀកបំពាក់ ទីជម្រក និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ទៅជួយដល់ប្រជាពលរដ្ឋ និងគ្រួសារដែលមានជីវភាពខ្វះខាត និងជួបការលំបាកក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងតាមបណ្តាខេត្តនានា។
សកម្មភាពមនុស្សធម៌ទាំងនេះ បានរួមចំណែកលើកកម្ពស់ស្មារតីមេត្តាករុណា សាមគ្គីភាព និងការចែករំលែកក្នុងសង្គម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media