ខណ្ឌដង្កោ÷សេក្តីរាយការណ៏បឋម)មានលុយទើបជាអាចធ្វើបាន ករណីសាងសង់សំណង់រឹងរំលោភ រំលោភបំពាន យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បានយ៉ាងគឃ្លើន មិនញញើតនិងច្បាប់(ច្បាប់មានហើយហេតុអ្វីមិនអនុវត្ត) ចំពោះទីតាំងខាងលើមិនដឹងថាជាម្ចាស់កម្មសិទ្ធិរបស់ អស់លោក រូបណា នោះទេ ដែលស្ថិតនៅ ភូមិសំបួរ និងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ស្តីពីសំណើសុំកែសម្រួលកំណាត់ផ្លូវក្នុងប្លង់ LMAP ពីទទឹង ១៦ម៉ែត្រ មកទទឹង ៨ម៉ែត្រ និងសុំ ចុះបញ្ជីដីរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិសំបូរ និងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោង ៖លិខិតចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ របស់ប្រជាពលរដ្ឋភូមិសំបូរ និងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ-ចំណារ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
តើការ រំលោភសាងសង់សំណង់រឹងរំលោភលើចំណីផ្លូវសាធារណៈខាងលើ អនុវត្តត្រឹមត្រូវតាមច្បាប់ដែលឬយ៉ាងណា ? យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។ យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
អង្គភាពសារព័ត៌មានយើងស្នើសុំ លោក សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ សូមមេត្តាជួយពិនិត្យមើល ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលសាងសង់សំណង់រឹងរំលោភបំពានចំណីផ្លូវ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយផ្លូវនោះមានទទឹងប៉ុន្មានម៉ែត្រឱ្យពិតប្រាកដ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បណ្ដាញសារព័ត៌មានយើងបានទំនាក់ទំនងទៅម្ចាស់ទីតាំងខាងលើតាមរយៈលេខ 012 88.....ដើម្បីសាកសួរនិងសុំការបំភ្លឺ ពាក់ព័ន្ធទៅនឹងសាងសង់សំណង់រឹងដែលសង្ស័យថារំលោភលើចំណីផ្លូវសាធារណៈ ដោយម្ចាស់ទីតាំងខាងលើ បានបញ្ជាក់មកកាន់បណ្ដាញសារព័ត៌មានយើងថា រូបលោកសាងសង់លើប្លង់កម្មសិទ្ធិ ហើយរូបលោកមិនមានការពាក់ព័ន្ធនឹងបុរីនោះទេ គឺជាសំណង់ឯកជន ។
បន្ទាប់មកបណ្តាញសារព័ត៌មានយើងបានសាកសួរនិងសុំការបំភ្លឺ ពីអភិបាលរងខណ្ឌដង្កោមួយរូប ដោយលោកបានបញ្ជាក់ថា លោកក៏មិនដឹងថាផ្លូវនោះជាក់ស្ដែងប៉ុន្មានម៉ែត្រនោះទេ តែលោកបានបញ្ជាក់ថា សំណង់រឹងខាងលើគឺជាកម្មសិទ្ធិរបស់បុរី (គឺម្ចាស់តែមួយ)។
អ្វីដែលជាការឆ្លើយតប រវាងម្ចាស់ទីតាំងនិងអាជ្ញាធរខណ្ឌដង្កោ វាមានភាពខុសគ្នា ដោយម្ចាស់ទីតាំងបានបញ្ជាក់ថា សំណង់របស់លោកមិនពាក់ព័ន្ធនឹងបុរីនោះទេគឺជាកម្មសិទ្ធិឯកជន រីឯអាជ្ញាធរខណ្ឌដង្កោ បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានយើងថា គឺជាកម្មសិទ្ធិរបស់បុរី ហេតុអ្វីបានជា ភាគីម្ចាស់ទីតាំង និងអាជ្ញាធរមូលដ្ឋានឆ្លើយខុសគ្នាបែបនេះ ?
មហាជននិងអ្នកសារព័ត៌មាន ស្នើសុំទៅស្ថាប័នពាក់ព័ន្ធ ជំនាញចុះត្រួតពិនិត្យទីតាំងខាងលើ ដោយផ្ទាល់ កុំថាអ្នកសារព័ត៌មាន ចេះតែរាយការណ៍បំភ្លើស បំភ្លៃការពិត អង្គភាពសារព័ត៌មានយើងនិងរង់ចាំសហការរៀងរាល់ម៉ោងធ្វើការ ។
សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មាន បន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់រាំសកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សម្បត្តិសាធារណៈ និងអ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជាប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរ និងកិត្តយសដ៏ល្អផូរផង់របស់ជាតិយើង ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។



Post a Comment