Top News

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំត្រៀមបើកវគ្គបំប៉នគ្រូបង្គោលការងារកាតព្វកិច្ចយោធាកងរាជអាវុធហត្ថ

 កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញ ដើម្បីត្រៀមរៀបចំបើក វគ្គបំប៉នគ្រូបង្គោលការងារកាតព្វកិច្ចយោធាកងរាជអាវុធហត្ថ នាពេលខាងមុខ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក មេបញ្ជាការរង ទទួលជំនាញកសាងកម្លាំង ប្រធានមន្ទីរ នាយទាហាន និងគ្រូបង្គោលពាក់ព័ន្ធ។
ក្នុងឱកាសនោះ លោកមេបញ្ជាការ និងអង្គប្រជុំបានពិភាក្សា និងពិនិត្យលើការងារសំខាន់ៗពាក់ព័ន្ធនឹងការរៀបចំវគ្គបំប៉ន ដោយផ្តោតលើការពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញរបស់គ្រូបង្គោល ដើម្បីធានាឱ្យដំណើរការបណ្តុះបណ្តាលមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមតម្រូវការជាក់ស្តែង។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានដាក់ចេញនូវទិសដៅ និងវិធានការចាំបាច់មួយចំនួន សម្រាប់ត្រៀមអនុវត្តវគ្គបំប៉នឱ្យបានរលូន និងមានប្រសិទ្ធភាព ជាពិសេសការពង្រឹងសមត្ថភាពគ្រូបង្គោល ដើម្បីឱ្យមានលទ្ធភាពចុះអនុវត្តការងារជាក់ស្តែងបានកាន់តែល្អប្រសើរ។
លោកមេបញ្ជាការបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា វគ្គបំប៉ននាពេលខាងមុខអាចសម្រេចបានតាមគោលដៅ និងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារកាតព្វកិច្ចយោធារបស់កងរាជអាវុធហត្ថកាន់តែប្រសើរ៕

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media