រាជធានីភ្នំពេញ÷ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Enjoy Ho ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងគណៈកម្មការប្រតិបត្តិថ្មី នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការងារ ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារឱ្យកាន់រីកចម្រើនប្រកបដោយសមត្ថភាពប្រកួតប្រជែង និងរក្សាបាននូវទីផ្សារសម្រាប់ការនាំចេញផលិតផលពីកម្ពុជា ដែលបានជួយបង្កើតការងារជូនកម្មករ និយោជិតប្រមាណ ១,២ លាននាក់ និងអ្នកដែលទទួលផលដោយប្រយោលពីវិស័យនេះ ប្រមាណ ៣លាននាក់ !។
នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងរឹងមាំរបស់សមាគម TAFTAC ដែលបានដំណើរការដោយជោគជ័យជិត ៣០ឆ្នាំមកហើយ ដែលរួមចំណែកធ្វើឱ្យវិស័យនេះរីកចម្រើនរហូតមកដល់ពេលនេះ! ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានអបអរសាទរចំពោះ លោក Enjoy Ho ដែលត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគម TAFTAC សម្រាប់អាណត្តិទី១៧ (២០២៦-២០២៨) ដោយឯកឧត្តម ជឿជាក់ថា : ក្រោមការដឹកនាំថ្មី ប្រកបដោយថាមពលនេះនឹងធ្វើឱ្យ TAFTAC កាន់តែមានសាមគ្គីភាពដ៏រឹងមាំ និងការរីកចម្រើន បន្តរួមចំណែកក្នុងការលើកកម្ពស់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ។
ឯកឧត្តម រដ្ឋមន្ត្រីបានរំលឹកថា : សមាគម TAFTAC អតីត GMAC គឺជាដៃគូប្រវត្តិសាស្ត្រសហការយ៉ាងជិតស្និទ្ធ ដោះស្រាយរាល់បញ្ហាប្រឈមរួមគ្នា ក្នុងដំណាក់កាលស្ថានភាពមិនមានស្ថិរភាព រហូតដល់ក្លាយទៅជាកិច្ចសហការ ដែលសុខដុមរមនា និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ! ដោយ ឯកឧត្តមបានគូសបញ្ជាក់ថា : ប្រសិនបើមិនមានវត្តមាន សមាគមទេ នោះវិស័យនេះក៏មិនអាចរីកចម្រើនបានដល់កម្រិតនេះដែរ !។
ទាំងនេះបានកើតចេញពីការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់រួមគ្នា ការគោរពគ្នាទៅវិញទៅមក ជាពិសេស ក្នុងអំឡុងពេលមានបញ្ហាលើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសមាគមបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្ពុជាលើការចរចា ដោយពន្យល់ពីការលើកកម្ពស់លក្ខខណ្ឌការងារល្អ សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងតួនាទីសំខាន់របស់កម្មការិនីក្នុងវិស័យនេះ ជាដើម! ។
លើសពីនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា : សមាគម TAFTAC ក៏ជាដៃគូយ៉ាងសំខាន់ និងអាចជឿទុកចិត្តរបស់រាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត ក្នុងយន្តការចរចាត្រីភាគី បង្កើតវេទិកាសន្ទនា ដែលជួយរក្សា ពង្រីក និងលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងសិទ្ធិការងារសម្រាប់កម្មករនិយោជិត ព្រមទាំងប្រយោជន៍ស្របច្បាប់របស់វិនិយោគិននៅកម្ពុជា ។ ជាក់ស្តែងនាពេលថ្មីៗនេះ សមាគមបានចូលរួមចំណែកដ៏ធំធេង ក្នុងការសម្របសម្រួលជាមួយសមាជិក ក្នុងការផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ សម្រាប់ប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកលនេះ ។
ជាការឆ្លើយតប លោក Enjoy Ho បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហេង សួរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការជជែកពិភាក្សា ក៏ដូចជាការបន្តការគាំទ្ររហូតមក! ដោយលោក បានណែនាំថ្នាក់ដឹកនាំថ្មីក្នុងអាណត្តិរបស់លោក ជាមួយនឹងទិសដៅអាទិភាពការងារសំខាន់ៗ របស់សមាគម ។ លោកក៏បានធ្វើការកត់សម្គាល់ពីការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជា កិច្ចសហការកាន់តែជិតស្និទ្ធយូរអង្វែងរវាងសមាគម និងក្រសួងការងារ ដោយសង្កត់ធ្ងន់ថា : ក្រសួងការងារគឺនៅតែជាស្នូលដ៏សំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការរបស់សមាគម។ ទន្ទឹមនឹងនេះទស្សនវិស័យ និងគោលនយោបាយរបស់ក្រសួងការងារគឺពិតមានសារៈសំខាន់ និងរក្សាបាននូវតុល្យភាព ដែលបានគាំទ្រយ៉ាងច្រើនក្នុងការរីកចម្រើនរបស់សមាគម ក៏ដូចអ្នកវិនិយោគ ។
លោក Enjoy Ho បានបង្ហាញការជឿជាក់លើការដឹកនាំ ឯកឧត្តមរដ្ឋមន្ត្រី ! ហើយប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹង និងពង្រីកសហការយ៉ាងស៊ីជំរៅជាមួយគ្នា ដើម្បីបន្តលើកកម្ពស់ស្តង់ដាកម្មករនិយោជិត វិស័យកាត់ដេរ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយស្ថិរភាព !!!៕


.jpg)


Post a Comment