Top News

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ



រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលជាម្តាយបង្កើតរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។


ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងទឹកក្តុកក្តួល និងរំជួលចិត្តឥតឧបមា ចំពោះមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង។


សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់នូវ ម្តាយបង្កើត, ម្តាយក្មេក ,ជីដូន ,ជីទួត ជាទីគោរពស្រលាញ់បំផុត ដែលមិនអាចកាត់ថ្លៃបាន ប្រកបដោយព្រហ្មវិហារធម៌ និង សង្គហធម៌គំរូដ៏ល្អប្រពៃមួយរូបចំពោះបុត្រធីតា និងចៅៗ ជាពិសេសជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ។


សម្តេចតេជោ បានលើកឡើងថា : សមានចិត្តដ៏សប្បុរសល្អប្រពៃ សទ្ធាជ្រះថ្លាដោយកុសលផលបុណ្យជាគំរូវីរភាពប្រកបដោយក្តីមេត្តាករុណារបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ភួង នឹងស្ថិតនៅជាប់ជានិច្ចនិរន្តរ៍ ជាមួយបុត្រធីតា ចៅៗ និងពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់។


សម្តេចតេជោ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។


សូមបញ្ជាក់ថា : អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានទទួលមរណភាព កាលពីថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៖១២នាទី (រំលងអាធ្រាត្រ )ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ៕


Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media