រាជធានីភ្នំពេញ ÷ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើស : «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» (Online Scams) ឱ្យអស់ពីកម្ពុជា ដើម្បីគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ។ នេះបើយោងតាមក្រសួងមហាផ្ទៃ បានប្រកាសនារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ! ។
ការដាក់បទបញ្ជាជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញបង្ក្រាបបទល្មើស : «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» (Online Scams) នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ឯកឧត្តម ស ថេត បានអះអាងថា : បញ្ហាបទល្មើស (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា)! គឺកម្លាំងសមត្ថកិច្ចបានបង្ក្រាបជាបន្ដបន្ទាប់មកហើយ ប៉ុន្ដែពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការទទួលខុសត្រូវ ខណៈវិសាលភាពនៃការរីករាលដាលបទល្មើសនេះកាន់តែមានទំហំធំទៅៗ ដូច្នេះការពង្រីកការទទួលខុសត្រូវក៏កាន់តែធំដូចគ្នា។
បើតាម ឯកឧត្តម ស ថេត យុទ្ធនាការបោសសម្អាតចុងក្រោយនេះ! គឺជាការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ។ ការបង្ក្រាបរបស់កម្ពុជា ទៅលើក្រុមឧក្រិដ្ឋកម្មអនឡាញនេះ ក៏ទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិផងដែរ !!!។
ឯកឧត្តម ស ថេត បានបញ្ជាក់ទៀតថា : «ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែពង្រឹងការបោសសម្អាត បទល្មើសធំមួយនេះឱ្យស្អាតពីកម្ពុជា ហើយបន្ដទៀត គឺអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា អាយុជីវិតរបស់កម្ពុជាពីនេះទៅមុខ»!។
ជាមួយគ្នានេះ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ កងកម្លាំងនគរនបាលទាំងអស់ រួមទាំងអង្គភាពផ្សេងទៀតដែលពាក់ព័ន្ធ ក្នុងប្រតិបត្តិការកន្លងទៅនេះ!។
សូមជម្រាបថា : ប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០ នាក់ ហើយជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុប ដល់ទៅ ២,០៤៤ នាក់ ក្នុងនោះជនជាតិចិន ១,៧៩២ នាក់ , វៀតណាម ១៧៧ នាក់ , មីយ៉ាន់ម៉ា ១៧៩នាក់ , នេប៉ាល់ ៣០នាក់ , ចិនតៃវ៉ាន់៥នាក់ ,ម៉ាឡេស៊ី១នាក់ ,ឡាវ២នាក់ ,ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក ១នាក់។
ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស : (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) បានចំនួន៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន ១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជា ទៅប្រទេសកំណើត ចំនួន២,៧២២នាក់ !!!៕




Post a Comment