Top News

អង្គការសហប្រជាជាតិកោតសរសើរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះចក្ខុវិស័យគាំពារសង្គមដ៏ស៊ីជម្រៅ និងការប្តេជ្ញាចិត្តខ្ពស់បំផុត លើផែនការជាតិទប់ស្កាត់អំពើហិង្សាលើកុមារ ដើម្បីកសាងមូលធនមនុស្សប្រកបដោយចីរភាព !

រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ (UN SRSG on Violence against Children) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។


ជំនួបកម្រិតខ្ពស់នេះ បានបង្ហាញពីសក្ខីភាពច្បាស់ក្រឡែតនៃកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារឱ្យស្របតាមស្តង់ដារអន្តរជាតិ។

ក្នុងឱកាសនោះ លោកស្រី តំណាងពិសេស UN បានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ដែលបានដាក់ចេញនូវកម្មវិធីកែទម្រង់ស៊ីជម្រៅ ដោយតម្កល់ «ប្រជាពលរដ្ឋជាស្នូល» តាមរយៈប្រព័ន្ធគាំពារសង្គមដ៏រឹងមាំ។ ជាពិសេស លោកស្រី បានគូសបញ្ជាក់ពីភាពជាគំរូនៃ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០» ដែលជាត្រីវិស័យគោលនយោបាយឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែងនៅមូលដ្ឋាន និងការពង្រឹងភាពជាដៃគូអភិវឌ្ឍន៍ដើម្បីកិច្ចការពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិដែលបានរួមដំណើរជាមួយកម្ពុជាតាំងពីដំណាក់កាលកសាងសន្តិភាព រហូតដល់ការអភិវឌ្ឍបច្ចុប្បន្ន និងការបោះជំហានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ សម្តេចធិបតីបានគូសរំលេចថា កម្ពុជាមិនត្រឹមតែតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសគាំទ្រយ៉ាងកក់ក្តៅ តាមរយៈ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ដោយមូលនិធិជាតិជំនួយសង្គម រួមទាំងការយកចិត្តទុកដាក់ដល់ស្ត្រីនិងកុមារក្នុងពន្ធនាគារផងដែរ ។

ជារួម អាទិភាពគន្លឹះក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលយក «មនុស្ស» ជាស្នូល តាមរយៈការពង្រឹងវិស័យសុខាភិបាល និងមូលធនមនុស្ស បានសបញ្ជាក់ថា : កម្ពុជាកំពុងប្រែក្លាយគោលនយោបាយលើក្រដាសឱ្យទៅជាខែលការពារជាក់ស្តែងសម្រាប់កុមារ។ ការទទួលស្គាល់ពីស្ថាប័នកំពូលពិភពលោកនេះ មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ! តែជាការប្តេជ្ញាចិត្តឥតងាករេថា: កុមារកម្ពុជាគ្រប់រូប នឹងធំធាត់ឡើងក្នុងសង្គមមួយដែលពោរពេញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមយ៉ាងពិតប្រាកដ !!! ៕

Post a Comment

أحدث أقدم

ទំនាក់ទំនងតាមSocial Media