កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងនាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងប្រធាន និងតំណាងសមាគមអ្នកសារព័ត៌មានជាច្រើនរូបនៅទូទាំងប្រទេស។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យ វាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ ព្រមទាំងលើកយកបញ្ហាប្រឈម សំណូមពរ និងកង្វល់នានាដែលអង្គភាពសារព័ត៌មានបានជួបប្រទះមកពិភាក្សាដោះស្រាយរួមគ្នា សំដៅពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែមានរបៀបរៀបរយ គុណភាព និងវិជ្ជាជីវៈខ្ពស់ ស្របតាមការវិវត្តនៃសង្គម និងបច្ចេកវិទ្យាទំនើប។
នៅក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសារព័ត៌មានទាំងអស់ ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ និងទាន់ហេតុការណ៍ជូន
សាធារណជន។
ឯកឧត្តមបានលើកឡើងថា អ្នកសារព័ត៌មានគឺជាស្ពានចម្លងព័ត៌មានដ៏សំខាន់រវាងរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ ព្រមទាំងជាកម្លាំងចលករក្នុងការចូលរួមថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។ លើសពីនេះ ក្នុងយុគសម័យឌីជីថល សារព័ត៌មានអាជីពបានដើរតួនាទីជាខែលការពារយ៉ាងរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សង្គម។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងនីតិកាលទីប្រាំពីរកន្លងមកនេះ ក្រសួងព័ត៌មានបានដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជួយគាំទ្រដល់បងប្អូនអ្នកសារព័ត៌មាន។ ការងារអាទិភាពចម្បងគឺការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មានគ្រប់កម្រិត ការយល់ដឹងអំពីទិដ្ឋភាពច្បាប់ ក្រមសីលធម៌ និងការប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប។ គោលដៅគឺធ្វើយ៉ាងណាពង្រឹងគុណភាពព័ត៌មានឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឱ្យស្ថាប័នសារព័ត៌មានមានលទ្ធភាព និងភាពធន់អាចដំណើរការផ្សាយទៅមុខទៀតដោយនិរន្តរភាព។
ទន្ទឹមនឹងនេះ តំណាងសមាគមអ្នកសារព័ត៌មានក៏បានលើកឡើងនូវមតិយោបល់ និងបញ្ហាប្រឈមមួយចំនួននៅមូលដ្ឋាន ដែលត្រូវបានឯកឧត្តមរដ្ឋមន្ត្រីកត់ត្រាទុកដើម្បីរៀបចំវិធានការដោះស្រាយ និងសម្របសម្រួលឱ្យកាន់តែរលូន។
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាន គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ ប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈខ្ពស់។ ឯកឧត្តមបានផ្តាំផ្ញើឱ្យសមាគមទាំងអស់បន្តរួបរួមសាមគ្គីភាព និងដឹកនាំសមាជិករបស់ខ្លួនឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងការទទួលខុសត្រូវ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។



Post a Comment