ខេត្តកណ្តាល÷ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ណែនាំដល់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវជំរុញរោងចក្រសហគ្រាសដែលមិនទាន់ជាសមាជិករបស់បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ត្រូវចូលរួមជាសមាជិក(ប.ស.ស.) បងប្អូនកម្មករនិយោជិតទទួលអត្ថប្រយោជន៍ពីបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.)គ្រប់ៗគ្នា។
ការជំរុញនេះធ្វើឡើងនៅក្នុងពិធីអបអរសារទរ និងសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ : "រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ" ក្រោមអធគណៈអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ។
សូមបញ្ចាក់ផងដែរថា : សាខា (ប.ស.ស.) ខេត្តកណ្ដាល បានសហការជាមួយ មូលដ្ឋានសុខាភិបាលដៃគូចំនួន ១៣៩ និងមានសហគ្រាសជាសមាជិក ប.ស.ស. សរុបចំនួន ១ ២៥១ សហគ្រាស មានកម្មករនិយោជិតចំនួន ២១៨ ៤៤៤ នាក់ ស្មើនឹង ៨៧% នៃបងប្អូនកម្មករនិយោជិតសរុបទូទាំងខេត្ត ដែលមាននិងកំពុងប្រើប្រាស់បណ្ណ ប.ស.ស. ដើម្បីជួយសម្រួលជីវភាព តាមរយៈ ÷ ផ្នែកប្រាក់សោធន រួមមាន : សោធនជរាភាព, វិភាជន៍ជរាភាព, សោធនទុព្វលភាព, សោធនឧត្តរជីវី ។
ផ្នែកហានិភ័យការងារ រួមមាន : ប្រាក់បំណាច់ប្រចាំថ្ងៃ, វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍, ធនលាភ សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍, ធនលាភឧត្តរជីវី។
ផ្នែកថែទាំសុខភាព រួមមាន : ប្រាក់បំណាច់ប្រចាំថ្ងៃ ស្មើនឹង ៧០% នៃប្រាក់ឈ្នួលប្រចាំថ្ងៃ, ប្រាក់បំណាច់មាតុភាព និងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រី មានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ៕



Post a Comment