ចេញផ្សាយនៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៦នេះ
ខេត្តកណ្តាល÷ សំណង់រឹងមាំ របស់ជនជាតិវៀតណាម កំពុងបុកគ្រឹះសាងសង់រំលោភចូលផ្ទៃទន្ល ដែលជាកម្មសិទ្ធិរបស់រដ្ឋ ! ខណៈអាជ្ញាធរភូមិពាមល្វែក ឃុំកំពង់លួង ហាក់រក្សាភាពស្ងៀមស្ងាត់ ប្រហែលជា ត្រូវថ្នាំសណ្ដំរបស់ម្ចាស់ផ្ទះដ៏រឹងមាំនេះហើយមើលទៅ ? ទើបបានជាបណ្ដែតបណ្ដោយឱ្យជនជាតិវៀតណាមសាងសង់សំណង់បែបនេះយ៉ាងរលូនដូច្នេះបាន !!!។
បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានសង្គមស៊ីវិលទូទៅ ស្នើសុំ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ សូមចាត់ជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងចាត់វិធានការការផង ។ ជាពិសេស សូមគោរព ស្នើសុំ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល សូមចាត់មន្ត្រីជំនាញពាក់ព័ន្ធនានាក្នុងខេត្តកណ្តាល ចុះធ្វើអធិការកិច្ចទីតាំង ក្នុងភូមិពាមល្វែក
ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ដោយក្តីអនុគ្រោះផងទាន !!! កុំឱ្យបងប្អូនប្រជាពលរដ្ឋលើកឡើងថា : អ្នកមានលុយនិងខ្សែរយៈគ្រាក់ៗ អាចសាងសង់ រំលោភចូលផ្ទៃនៃទន្លេបាន រីឯអត់ខ្សែបក្សពួកវិញ មិនអាចសាងសង់រំលោភចូលផ្ទៃទន្លេបាននោះទេ ។តែប្រសិនជាហ៊ានសង់ចូលផ្ទៃទន្លេដែលជាសម្បត្តិរបស់រដ្ឋនោះ ! ច្បាស់ណាស់ថា : ណ្ណឹងប្រឈមទៅនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ!!! ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច ។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
ពាក់ព័ន្ធនិងករណីសាងសង់ចូលផ្ទៃទន្លេពីសំណាក់ជនជាតិវៀតណាម ដែលជាម្ចាស់ផ្ទះខាងលេីនេះដែរ បណ្ដាញសារព័ត៌មាន CRT News យេីងបានធ្វើការទំនាក់ទំនងសួរនាំទៅ លោកស្រី ហេង ម្លប់ ដែលជាមេឃុំកំពង់លួង តាមរយៈលេខទូរសព្ទ 077 2111 ×7 (តេទូរសព្ទមិនចូលនោះទេ) !។
សារព័ត៌មាន CRT News យេីង បានធ្វើកិច្ចសម្ភាសន៍ជាមួយ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ
អង្គភាពសារព័ត៌មានយើងខ្ញុំ បានទំនាក់ទំនងទៅ លោកអភិបាលស្រុក តាមរយៈលេខទូរសព្ទ 077 58 98 ×8 លោក អភិបាលស្រុកពញាឮ មិនលើកទូរសព្ទនោះទេ ! ទោះយើងបានផ្ញើរូបភាពនិងទីតាំងតាមរយៈប្រព័ន្ធ Telegram ក៏លោកមិនបានចូលមេីលនោះដែរ។
ដោយឡែក លោក ហ៊ាង គង់ផេង ប្រធានភូមិបាលស្រុកពញាឮ អង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងទៅលោកតាមរយៈលេខទូរសព្ទ 012 22 75 ×7 លោកមិនលើកទូរសព្ទនោះទេ ! ទោះយើងបានផ្ញើរូបភាពនិងទីតាំងតាមរយៈប្រព័ន្ធ Telegram ក៏លោកមិនបានចូលមេីលនោះដែរ។
អង្គភាពសារព័ត៌មានយើងខ្ញុំ គឺគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ឬគ្រាន់តែជាព្រាបនាំសារ ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជូនដល់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ឬដាក់សម្ពាធដល់បុគ្គលឬអង្គភាពណាមួយឡើយ !!! ។ អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបំភ្លឺបកស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ៕ សូមអរគុណ
ទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម : តាមរយៈលេខទូរសព្ទ 012 676 287 / 017 240 250 សូមអរគុណ



Post a Comment