ខេត្តមណ្ឌលគិរី÷ រថយន្តដឹកទំនិញ ០១គ្រឿងរបស់ (ក្រុមហ៊ុនវីរៈប៊ុនថាំ) ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ឃាត់ និងរកឃើញលួចបង្កប់ឈើអារប្រភេទលេខ១ជាច្រើនសន្លឹក ដែលបានដឹកជញ្ជូនយកទៅចែកចាយបន្តនៅតាមបណ្ដាខេត្តដោយខុសច្បាប់ !។ លុះនៅពេលសមត្ថកិច្ចសួរនាំ អ្នកបើកបររថយន្តឆ្លើយថា : ខ្លួនលួចដឹកឈើ ដោយមិនឱ្យក្រុមហ៊ុនដឹកឡើយ!!! ។
យោងតាមសេចក្តីរាយការណ៏ពីមន្ត្រីជំនាញ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០០:១៦ នាទី(រំលងអាធ្រាត្រ) ឈានចូល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។ ក្រុមការងារបានធ្វើការឃាត់ត្រួតពិនិត្យរថយន្ត ០១គ្រឿង ម៉ាក Hyundai ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3G-2483 ជារបស់ (ក្រុមហ៊ុន វីរៈប៊ុនថាំ ) នៅត្រង់ចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អ្នកបើកបរត្រូវបានកំណត់អត្តសញ្ញាណ ឈ្មោះ ស្លាម រំលី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ(ខ្មែរឥស្លាម) ជាបុគ្គលិករបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ។តាមរយៈការឆែកឆេរជាក់ស្តែង ក្រុមការងារបានរកឃើញឈើអារប្រភេទលេខ១ (ទ្វារសុក្រម) ចំនួន ៣០សន្លឹក ដែលត្រូវបានគេលួចបង្កប់ជាមួយនឹងអីវ៉ាន់បញ្ញើផ្សេងៗរបស់អតិថិជន។
តាមការសារភាពរបស់អ្នកបើកបរឈ្មោះ ស្លាម រំលី បានឱ្យដឹងថា : ខ្លួនពុំមានលិខិតអនុញ្ញាត (PC) នោះទេ ហើយការដឹកនេះគឺជាការលួចលាក់ធ្វើដោយខ្លួនឯង មិនឱ្យក្រុមហ៊ុនដឹងឡើយ!។ ខ្លួនទទួលស៊ីឈ្នួលដឹកឱ្យឈ្មោះ (មិនដែលស្គាល់មុខ ទាក់ទងតាមទូរស័ព្ទ) ដឹកចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយទទួលបានកម្រៃពី ១,១ លាន ទៅ ១,៤ លានរៀល ក្នុងមួយជើង។ រូបគេបានលួចដឹកជញ្ជូនតាមរូបភាពនេះបានប្រហែល ១២ជើង រួចមកហើយ !!!។
យោងតាមរបាយការណ៍មន្ត្រី ដោយពិនិត្យឃើញថា : នេះគឺជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ ក្រុមការងារបានសម្រេចដកហូតវត្ថុតាងឈើ និងរថយន្ត យកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីបន្តនីតិវិធីច្បាប់ ។ ដោយឡែក ចំពោះអីវ៉ាន់បញ្ញើរបស់អតិថិជនដែលនៅក្នុងរថយន្ត ត្រូវបានក្រុមការងារអនុញ្ញាតឱ្យបុគ្គលិក(ក្រុមហ៊ុនវីរៈប៊ុនថាំ) ប្រើប្រាស់ម៉ូតូកង់បី ចំនួន ០២គ្រឿង ដើម្បីផ្ទេរចេញយកទៅចែកចាយបន្ត ជូនអតិថិជនវិញ ដើម្បីកុំឱ្យមានការខូចខាត ឬបាត់បង់!៕
.jpg)
.jpg)
.jpg)



Post a Comment