ខេត្តកណ្តាល÷ នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលអចលនវត្ថុ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្ដាល ចំនួន ៤,២៩១ បណ្ណ ។ បងប្អូនប្រជាពលរដ្ឋចំនួន៦ភូមិ រួមមាន : ភូមិព្រែកតាបែន ,ភូមិឈើទាល ភូមិស្លា ,ភូមិស្វាយរមៀត ,ភូមិកណ្តាល ,ភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤,២៩១ប័ណ្ណ ! សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរឡើង !!!។
មានប្រសាសន៍ក្នុងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលមានប្រសាសន៍ថា : ប័ណ្ណកម្មសិទ្ធិដីធ្លីនេះពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ណាស់! គឺបងប្អូនអាចយកទៅប្រើប្រាស់បានយ៉ាងងាយស្រួល ចង់លក់ ចង់ដូរ ចង់បញ្ចាំ ចង់ដាក់អ៊ីប៉ូតែក ចែកទៅកូនចៅ ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តត្រឹមត្រូវ ជាពិសេសដីដែលមានប័ណ្ណកម្មសិទ្ធិគឺធ្វើអោយដីមានតម្លៃ !!! ។ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា : ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កានាពេលនេះ ដែល អាចនិយាយបានថា : ប្រសិនបើគ្មានការរួមចំណែក និងចូលរួមលះបង់ទាំងនេះ យើងពិតជាមិនអាចឈានទៅសម្រេចបានលទ្ធផលដូចជាពេលនេះបានឡើយ !។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា បន្តបង្រ្កាបនូវបញ្ហាបទល្មើសគ្រប់ប្រភេទ ឱ្យមាន ប្រសិទ្ធភាពខ្ពស់ !ជាពិសេសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព !!!។ ជាចុងក្រោយ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ !ចំពោះភ្លើងផ្សែង នៅដើមរដូវប្រាំងនេះ ពិសេសកុំដុតព្រៃព្រោះនាំបង្កជាអគ្គីភ័យឆាបឆេះជាយថាហេតុ ដែលបង្កឱ្យមានអគ្គីភ័យកើតឡើង បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និង ទ្រព្យសម្បត្តិ ពិសេសបង្កើន ការប្រុងប្រយ័ត្ន ចំពោះឧបករណ៍ ដែលអាចបង្កជាអគ្គិភ័យ មុន ពេលចាកចេញពីផ្ទះ ដើម្បីការពារ ការបង្កជាអគ្គីភ័យកើតឡើង ដោយប្រការណាមួយ!!!៕



Post a Comment