ខេត្តកំពត៖ នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក/ លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៤៣៤ គ្រួសារ មកពីសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលពិធីនេះរៀបចំធ្វើឡើងនៅបរិវេណរោងម៉ាស៊ីនស្រូវគ្រីស្តារ៉ាយ សង្កាត់ព្រែកត្នោត។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិដែលបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទាំងអស់ដោយក្តីនឹករឭកបំផុត។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាបានបន្តថា៖ កាកបាទក្រហម ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីឡើយ! ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ពោលគឺមិនទុកពលរដ្ឋណាម្នាក់ចោល ឱ្យស្លាប់ដោយដាច់បាយនោះទេ!!!។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ហើយត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ តិចអំបិល តិចស្ករ តិចខ្លាញ់ និងហាត់ប្រាណជាប្រចាំ ដើម្បីការពារខ្លួនពីជំងឺមិនឆ្លង និងបានណែនាំពលរដ្ឋឲ្យខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ការដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។
អំណោយដែលបានផ្តល់ជូនដល់ពលរដ្ឋរងគ្រោះទាំង ៤៣៤ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២០គីឡូក្រាម, ត្រីខ ១០កំប៉ុង , ទឹកត្រី ១យួរ, សារុង ១ និងថវិកា ចំនួន៥ម៉ឺនរៀល៕


.jpg)


.jpg)
.jpg)




Post a Comment